សម្តេចធិបតីបានជំរុញដល់សហគ្រាសធុនតូចនិងមធ្យមចាប់យកវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍សម្រាប់អភិវឌ្ឍន៍សហគ្រាសរបស់ខ្លួន

 

វិទ្យុជាតិកម្ពុជា

a15-121

សម្តេចធិបតីបានជំរុញដល់សហគ្រាសធុនតូចនិងមធ្យមចាប់យកវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ សម្រាប់អភិវឌ្ឍន៍សហគ្រាសរបស់ខ្លួន ដើម្បីធ្វើឱ្យអាជីវកម្មរបស់ខ្លួនកាន់តែរីកចម្រើន និងឆ្លើយ តបបានទៅនឹងការអភិវឌ្ឍបច្ចេកវិទ្យានៅកម្ពុជា។
ថ្លែងក្នុងពិធីបើក ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី២ នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤នាមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា បច្ចុប្បន្ន កម្ពុជាមានឯកសារគតិយុត្តគោលមួយចំនួន ទាក់ទងនឹងវិទ្យាសាស្រ្ត បច្ចេកវិទ្យានិងនវានុវត្តន៍ ដែលក្នុងនោះមានគោលនយោបាយជាតិ ស្ដីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ឆ្នាំ២០២០ ២០៣០ ផែនទីបង្ហាញផ្លូវស្ដីពីវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍ ឆ្នាំ ២០៣០ របៀបវារៈស្រាវជ្រាវជាតិឆ្នាំ២០២៥និងផែនទីបង្ហាញផ្លូវបច្ចេកវិទ្យាអាទិភាពផ្សេងៗជាច្រើនទៀត សម្រាប់ការអនុវត្តនៅតាមក្រសួងស្ថាបន័នានា ដើម្បីឆ្ពោះទៅការអភិវឌ្ឍ វិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យានិងនវានុវត្តន៍នៅកម្ពុជា។
សម្តេចធិបតីបញ្ជាក់ថា ការអភិវឌ្ឍប្រទេសប្រកបដោយបរិយាប័ន្ននិងមានភាពធន់ គឺចាំបាច់ត្រូវមាន ការជំរុញសកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម   ការជំរុញវិនិយោគដោយផ្ទាល់ពីបរទេស ទៅលើវិស័យបច្ចេកវិទ្យាជាមូលដ្ឋាន។ ក្នុងន័យនេះសហគ្រាសធុនតូច និងមធ្យមនឹងមានតម្រូវការបច្ចេកវិទ្យាសម្រាប់ពង្រឹង សមត្ថភាព ក្នុងការចាប់យកទីផ្សារ ដើម្បីភាពប្រកួតប្រជែង ពង្រឹងខ្សែចង្វាក់ផ្គត់ផ្គង់ និងខ្សែចង្វាក់តម្លៃ ភាពធន់ ប្រកបដោយចីរភាព។
សំឡេង«បន្តជំរុញបដិវត្តកម្មបច្ចេកវិទ្យាដល់វិស័យឧស្សាហកម្ម សហគ្រាសធុនតូច និងមធ្យម ដើម្បី ឆ្លើយតបទៅនឹងបដិវត្តឧស្សាហកម្ម៤.០ នៅក្នុងគោលដៅចាប់ឱ្យបានលឿន នូវបច្ចេកវិទ្យាចុងក្រោយ ទំាងឡាយ ដើម្បីបង្កើនផលិតភាពសហគ្រាស និងជំរុញសហគ្រាសបុរាណក្នុងស្រុកចាប់យកឱ្យបានទាន់ពេលវេលានិងពេញលេញ នូវវឌ្ឍនភាព វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា និងនវានុវត្ត។
សូមបញ្ជាក់ថា វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បាននិងកំពុងវិវត្តយ៉ាងលឿន ក្នុងបរិការណ៍នៃបដិវត្តន៍ឧស្សាកម្ម ៤.០ ក៏ដូចជាយុគសម័យឌីជីថលូបនីយកម្ម ។ ប្រទេសអភិវឌ្ឍន៍ទាំងឡាយ បាននិងកំពុងចាប់យកវិស័យនេះយ៉ាងសស្រាក់សស្រាំ ធ្វើជាខឿនអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ខ្លួន តាមរយៈការដាក់បញ្ចូលបច្ចេកវិទ្យាឈានមុខទាំងឡាយ ក្នុងប្រព័ន្ធខ្សែច្រវាក់ផលិតកម្ម និងសេវាកម្មសាធារណៈនានា។ការដាក់បញ្ចូលបច្ចេកវិទ្យា ជាកត្តាមិនអាចមើលរំលងបាន ដើម្បីបង្កើនផលិតភាព និងផលិតផល៕

Comments

Related posts