ឯកឧត្តម ឆាយ ឫទ្ធិសែន ពន្លឿនផែនការយុទ្ធសាស្ត្រផ្គត់ផ្គង់ទឹកស្អាត និងអនាម័យនៅជនបទសម្រេចឱ្យបាន ១០០% នៅឆ្នាំ២០៣០

វិទ្យុជាតិកម្ពុជា៖លោក ជួន បូណា

ភ្នំពេញ៖ឯកឧត្តម ឆាយ ឫទ្ធិសែន ពន្លឿនផែនការយុទ្ធសាស្ត្រផ្គត់ផ្គង់ទឹកស្អាត និងអនាម័យនៅជនបទឱ្យបាន ១០០% នៅឆ្នាំ២០៣០  ដើម្បីឆ្លើយតបទៅនឹងចក្ខុវិស័យរបស់ប្រមុខរាជរដ្ឋាភិបាល។

ថ្លែងក្នុងកិច្ចប្រជុំស្តីពីយុទ្ធសាស្ត្រផ្គត់ផ្គង់ទឹក និងអនាម័យនៅជនបទដើម្បីឈានទៅសម្រេចបាននូវការផ្គត់ផ្គង់ទឹក និងអនាម័យជនបទ ១០០% នៅឆ្នាំ២០៣០ នាព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទមានប្រសាសន៍ថា កិច្ចប្រជុំនេះមានគោលបំណងពិនិត្យលើវឌ្ឍនភាពនៃអត្រាគ្របដណ្ដប់វិស័យផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យនៅតំបន់ជនបទ នាពេលបច្ចុប្បន្ន,ពិនិត្យលើស្ថានភាពនៃកិច្ចសហប្រតិបត្តិការជាមួយអង្គការ និងដៃគូអភិវឌ្ឍន៍នានា និងដើម្បីពិនិត្យ ពិភាក្សាលើកផែនការយុទ្ធសាស្ដ្របន្ដ ដើម្បីសម្រេចការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យនៅតំបន់ជនបទឱ្យបាន ១០០% នៅឆ្នាំ២០៣០ ជាពិសេសដើម្បីឆ្លើយតបទៅនឹងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យនាយកដ្ឋានជំនាញទាំងពីរ មួយចំនួន ដោយត្រូវសហការជាមួយមន្ទីរអភិវឌ្ឍន៍ជនបទរាជធានី ខេត្ត ទាំង ២៥ ចុះធ្វើបច្ចុប្បន្នភាពទិន្នន័យប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត និងអនាម័យនៅជនបទ រួមមាន ៖ អណ្ដូងស្នប់អាហ្វ្រីដែវ, ស្រះសហគមន៍, ស្ថានីយផលិតទឹកផឹកសហគមន៍, ពាងយក្ស, អាងត្រងទឹកភ្លៀងលក្ខណៈគ្រួសារ, អាងត្រងទឹកភ្លៀងសហគមន៍, ប្រព័ន្ធចែកចាយទឹកតាមបណ្តាញបំពង់ខ្នាតតូចសហគមន៍ ស្ថានីយផលិតទឹកពីបរិយាកាស និងបង្គន់អនាម័យ ឱ្យបានច្បាស់លាស់។

-  នាយកដ្ឋានជំនាញទាំងពីរ ត្រូវធ្វើការព្យាករណ៍ និងលើកផែនការសម្រាប់ឆ្នាំ២០២៨ និងឆ្នាំ២០៣០ ស្របតាមផែនការយុទ្ធសាស្ដ្របញ្ចកោណរបស់រាជរដ្ឋាភិបាល។

-  រៀបចំអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រសួងពាក់ព័ន្ធ

-  ត្រៀមរៀបចំពិធីប្រកាសខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ (ODF+) ចំពោះខេត្តទាំង៦ ដែលសម្រេចODF រួចរាល់ និងធ្វើពិធីប្រកាសខេត្ត ODF ចំនួន ៧ ផ្សេងទៀតនៅចុងឆ្នាំ២០២៤ នេះ គឺ រាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្តរតនគិរី ខេត្តសៀមរាប និងខេត្តកំពង់ធំ ។  

-  ត្រូវពង្រឹងការគ្រប់គ្រងនៅថ្នាក់ក្រោមជាតិលើការងារកែលម្អលក្ខខណ្ឌនៃការរស់នៅតាមរយៈការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យនៅជនបទ។

យោងតាមរបាយការណ៍ របស់នាយកដ្ឋានជំនាញបានបង្ហាញថា គិតត្រឹមឆ្នាំ២០២៣ អត្រាគ្របដណ្តប់ទឹកស្អាតជនបទជាមូលដ្ឋានសម្រេចបាន ៨៣,៣% និងអត្រាគ្របដណ្តប់អនាម័យជនបទជាមូលដ្ឋាន សម្រេចបាន ៨៦,៦% ដែលក្នុងនោះ មានរាជធានី ខេត្តចំនួន ៦ បានសម្រេចបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) រួមមាន ខេត្តស្វាយរៀង ខេត្តព្រៃវែង ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង និងខេត្តកែប។ ដោយឡែករាជធានី ខេត្ត ចំនួន ៧ទៀតនឹងត្រៀមធ្វើការប្រកាសទទួលស្គាល់ជាខេត្តបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាល (ODF)ផ្លូវការគឺ រាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្តរតនគិរីខេត្តសៀមរាប និងខេត្តកំពង់ធំ ៕

IMG_20240418_131240_290IMG_20240418_131244_040IMG_20240418_131244_685IMG_20240418_131244_280

Comments

Related posts