អាជ្ញាធររាជធានីបាននឹងកំពុងរៀបចំយកស្បៀងអាហារ ចុះចែកជូនប្រជាពលរដ្ឋនិងកម្មករទីទ័លក្រជាង១ម៉ឺនគ្រួសារនៅថ្ងៃទី២៦មេសានេះ

 

វិទ្យុជាតិកម្ពុជា ៖ 

ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ ដោយមានកិច្ចសហការគ្នាជាមួយនឹងកម្លាំងកងទ័ពជើងគោកបាននិងកំពុងរៀបចំ ចាត់ចែង យកស្បៀងអាហារ ចុះទៅចែកជូនប្រជាពលរដ្ឋនិងកម្មករទីទ័លក្រជាង១ម៉ឺនគ្រួសារនៅថ្ងៃទី២៦មេសា នេះ ទៅតាមការ ណែនាំរបស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដោយក្រុមការងារទាំងអាជ្ញាធរខណ្ឌ ក៏ដូចជាកងកម្លាំងទាហាន បាននិងកំពុង ដឹកជញ្ជូនស្បៀងអាហារទៅតាមគោលដៅខណ្ឌនីមួយៗដែលត្រូវប្រគល់ជូនបងប្អូនប្រជាពលរដ្ឋដល់លំនៅឋាន ខណៈដែលពួកគាត់ ត្រូវបានអាជ្ញាធររាជធានីភ្នំពេញធ្វើការបិទខ្ទប់ដើម្បីទប់ស្កាត់នូវការរីករាលដាលជំងឺកូវីដ-១៩ ។    

លោកកើត ឆែ អភិបាលរងរាជធានីភ្នំពេញបានឱ្យដឹងដូច្នេះ ខណៈដែលលោក ធ្វើជាតំណាងឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អញ្ជើញទទួលអំណោយពីលោក យុន ប៊ុនលី និងលោកស្រី ហៀវ លន់ សមាជិក សមាជិការសមាគមកាយរឹទ្ធិនារីកម្ពុជា នៅសាលារាជធានី ភ្នំពេញនៅព្រឹកថ្ងៃទី២៦ ខែមេសានេះ ។

   អំណោយដែលប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញនេះ មានអង្ករចំនួន១៥តោន ដើម្បីយកទៅចាត់ចែងក្នុងការចូលរួមទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩ ខណៈ ដែលជំងឺនេះ ពីមួយថ្ងៃទៅមួយថ្ងៃ នៅតែបន្តរាលដាលឥតឈប់ឈរ ។

   ក្រៅពីការលើកឡើងខាងលើ លោកកើត ឆែ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក ស្រី ជាសប្បុរសជនខាងលើ ដែលបានឧបត្ថម្ភមករដ្ឋបាលរាជធានីភ្នំពេញ ដែលនេះជាកាយវិការដ៏ប្រពៃប្រកបដោយមនុស្សធម៌ និងគុណធម៌ ដោយបានចូលរួម ចំណែកយ៉ាងសំខាន់ជាមួយរដ្ឋបាលរាជធានីភ្នំពេញ និងរាជរដ្ឋាភិបាល ស្របតាមការអំពាវនាវរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចាត់វិធានការទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ-១៩ នៅរាជធានីភ្នំពេញ ក៏ដូចជានៅទូទាំងព្រះរាជាណាចក្រកម្ពុជា បានទាន់ពេលវេលា៕

Comments

Related posts