ស្នងការនគរបាលរាជធានីភ្នំពេញ បន្តចុះពង្រឹងការត្រួតពិនិត្យ អនុវត្តវិធានការបិទខ្ទប់តំបន់ក្រហមនៅក្នុងខណ្ឌមានជ័យ ខណ្ឌដង្កោនិង ខណ្ឌពោធិ៍សែនជ័យ

 

 

វិទ្យុជាតិកម្ពុជា៖ ធីណា ឌីណេ

 

MC៖ ស្នងការនគរបាលរាជធានីភ្នំពេញ បន្តចុះពង្រឹងត្រួតពិនិត្យអនុវត្តវិធានការបិទខ្ទប់តំបន់ក្រហមនៅក្នុងខណ្ឌមានជ័យ ខណ្ឌដង្កោនិង ខណ្ឌពោធិ៍សែនជ័យ ឲ្យកាន់តែល្អប្រសើរបន្ថែមទៀត បើទោះបីស្ថានភាព របស់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់ក្រហមចូលរួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចយ៉ាងណាក៏ដោយ។ 

ការអនុវត្តវិធានការបិទខ្ទប់ជំហ៊ានទី២ ឈានចូលថ្ងៃទី២ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ បានបន្តដឹកនាំកម្លាំងចុះពង្រឹងត្រួតពិនិត្យកម្លាំងនគរបាលរាជធានីភ្នំពេញដែល កំពុងអនុវត្តវិធានការបិទខ្ទប់តំបន់ក្រហម នៅក្នុងភូមិសាស្រ្តខណ្ឌមានជ័យ ខណ្ឌដង្កោ និងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញខណៈដែលស្ថានភាពប្រជាពលរដ្ឋនៅក្នុងតំបន់ក្រហមនោះ មិនមានបាតុភាពអ្វីជាការតវ៉ា ឬល្មើសនឹងវិធានការបិទខ្ទប់នោះឡើយ ពោល ភាគច្រើនបានចូលរួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ដោយនាំគ្នារក្សាភាពស្ងប់ស្ងាត់។

ឯកឧត្តម ក៏បានណែនាំកម្លាំងក្រោមឱវាទ ត្រូវបន្តឹងមិនឲ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់តំបន់ក្រហមនោះឡើយ។ ជាពិសេសទប់ស្កាត់ឲ្យបានចំពោះប្រជាពលរដ្ឋនៅក្នុងតំបន់ក្រហម មិនឲ្យធ្វើដំណើរចេញខាងក្រៅបាននោះទេ លើកលែងករណីជាចាំបាច់ណាមួយនោះ ដោយធ្វើតឹងរ៉ឹងបែបនេះគ្មានបំណងចង់ធ្វើបាបប្រជាពលរដ្ឋយើងទេគឺដើម្បីនាំគ្នាចូលរួមបង្ការទប់ស្កាត់ជំងឺឆ្លងកូវីដ១៩ នៅក្នុងសហគមន៍ឲ្យមានការថយចុះឬកាត់ផ្តាច់ ជំងឺឆ្លងនេះ កុំឲ្យឆ្លងរាលដាលទៅតំបន់ផ្សេងទៀតនិងក៏បានណែនាំឱ្យកងកម្លាំងក្រោមឱវាទដែលជាអ្នកបម្រើប្រជាពលរដ្ឋនោះ ត្រូវប្រកាន់ខ្ជាប់នូវឥរិយាបថ និងក្រមសីលធម៌ល្អទៅកាន់ប្រជាពលរដ្ឋដោយការគោរពហើយមិនត្រូវធ្វើអ្វីឲ្យប៉ះពាល់សតិអារម្មណ៍ប្រជាពលរដ្ឋនោះឡើយ។

សូមបញ្ជាក់ថាតំបន់ក្រហមនៅក្នុងភូមិសាស្រ្តនៃខណ្ឌទាំង០៣ខាងលើ សេចក្តីរាយការណ៍ឲ្យដឹងថា ខណ្ឌមានជ័យ មានសង្កាត់ចំនួន០៤ ដែលត្រូវបានចាត់ទុកថាជាតំបន់ក្រហម គឺសង្កាត់ស្ទឹងមានជ័យ១,ស្ទឹងមានជ័យ២,ស្ទឹងមានជ័យ៣ និងសង្កាត់បឹងទំពុន១។ចំណែកខណ្ឌដង្កោមានសង្កាត់ចំនួន០២ ដែលស្ថិតក្នុងតំបន់ក្រហម គឺសង្កាត់ដង្កោ និងសង្កាតព្រៃស ដោយឡែកខណ្ឌពោធិ៍សែនជ័យ គឺមានសង្កាត់ចោមចៅ១ ជាតំបន់ក្រហម។ការអនុវត្តវិធានការបិទខ្ទប់តំបន់ក្រហមនេះអនុវត្តតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជាលេខ៥៤ សសរ ដែលបានដាក់ចេញឲ្យអនុវត្តកាលពីថ្ងៃទី២៦ ខែមេសា កន្លងទៅនេះ ។ការអនុវត្តវិធានការជំហ៊ានទី២ គឺមានរយៈ ពេល០៧ថ្ងៃ ដោយចាប់ពីថ្ងៃទី២៩ ខែមេសា រហូតដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ ក្នុងគោលបំណងដើម្បីកាត់ផ្តាច់ជំងឺឆ្លងកូវីដ១៩ កុំឲ្យឆ្លងពីតំបន់មួយទៅតំបន់មួយ៕FB_IMG_1619811671963

Comments

Related posts