ឯកឧត្តម​​ ឃួង​ ស្រេង​ ទទួលអំណោយអង្ករជាង១៥០តោន ពីក្រសួងកសិកម្មនិងកងទ័ព ដើម្បីចែកជួនពលរដ្ឋដែលកំពុងបិទខ្ទប់នៅតំបន់ក្រហម

 

 

​ វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ចន​ ណារិទ្ធ​

 

​ រាជធានី​ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទ ដឹកនាំដោយ ឯកឧត្តម​ វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទ និងឧត្តមសេនីយ៍ឯក កែវ ស៊ីម អមដំណើរដោយឧត្តមសេនីយ៍ឯក សួន សុខរ៉ា តំណាងឱ្យនាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បាននាំយកស្បៀងអាហារដែលក្នុងនោះ មានអង្ករជាង១៥០តោន ប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជួយឧបត្ថម្ភជីវភាពជូនប្រជាពលរដ្ឋដែលរងគ្រោះឬប៉ះពាល់ធ្ងន់ធ្ងរពីជម្ងឺរាតត្បាតកូវីដ-១៩ ពិសេសប្រជាពលរដ្ឋដែលបាននិងកំពុងរស់នៅក្នុងតំបន់ក្រហម។

 

  ពិធីប្រគល់និងទទួលស្បៀងអាហារខាងលើនេះ បានធ្វើឡើងនារសៀលថ្ងៃទី៣០ មេសា ២០២១ នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមាន ឯកឧត្តម​ ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជាមួយ​ឯកឧត្តម​ វេង សាខុន និង​ឯកឧត្តម​ឧត្តមសេនីយ៍ឯក កែវ ស៊ីមនិង​ឧត្តមសេនីយ៍ឯក សួន សុខរ៉ា តំណាងឱ្យនាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ។

 

  អំណោយដែលប្រគល់ជូន ដោយ​ឯកឧត្ដម​ វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទ មានអង្ករចំនួន៧៨តោន ដែលអង្ករទាំងនេះបានមកពីការជួយឧបត្ថមពីរាជរដ្ឋាភិបាលនៃប្រទេសជប៉ុនប្រគល់មកឱ្យកម្ពុជា ។ 

 

ចំណែកឧត្តមសេនីយ៍ឯក កែវ ស៊ីម តំណាងឱ្យនាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បាននាំយកអំណោយមកប្រគល់ជូនសាលារាជធានីភ្នំពេញ រួមមាន អង្ករ៧៥តោន ត្រីខ ៣០០កេស ទឹកស៊ីអ៊ីវ ៣០០០យួរ ទឹកត្រី ៣០០០ យួរ និងមី៦០០០ កេសតូច 

ដើម្បីយកទៅចែកជូនប្រជាពលរដ្ឋដែលរងគ្រោះ

ឬប៉ះពាល់ធ្ងន់ធ្ងរពីជម្ងឺរាតត្បាតកូវីដ-១៩

នៅក្នុងតំបន់ក្រហម។

 

  ឯកឧត្ដម​ ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍ថា ក្នុងនាមក្រុមប្រឹក្សារាជធានី គណៈអភិបាលរាជធានី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់នៅរាជធានីភ្នំពេញ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្ដម​ វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម និងឧត្តមសេនីយ៍ឯក កែវ ស៊ីម តំណាងឱ្យនាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ដែលបាននាំយកស្បៀងអាហារទាំងនេះ មកប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជួយឧបត្ថម្ភជីវភាពជូនប្រជាពលរដ្ឋដែលរងគ្រោះឬរងផលប៉ះពាល់ធ្ងន់ធ្ងរ ពីមេរោគកូវីដ-១៩នៅតំបន់ក្រហម ។ 

 កាយវិការដ៏ល្អប្រពៃ ប្រកបដោយមនុស្សធម៌ និងគុណធម៌ខាងលើនេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ជាមួយរដ្ឋបាលរាជធានីភ្នំពេញ និងរាជរដ្ឋាភិបាល ស្របតាមការអំពាវនាវរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចាត់វិធានការទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ ១៩ នៅរាជធានីភ្នំពេញ ក៏ដូចជានៅទូទាំងព្រះរាជាណាចក្រកម្ពុជាអោយបានទាន់ពេលវេលា៕IMG_20210501_025816_290

Comments

Related posts