សម្ដេចពិជ័យសេនា ទៀ បាញ់ បញ្ជាឱ្យស្វែងរកករណីអ្នកវិជ្ជមានជំងឺកូវីដ-១៩ដែលនៅតែបន្ដទៅចាក់វ៉ាក់សាំង

 

 

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា 

 

ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិបាន បញ្ជាឱ្យស្វែងរកករណីអ្នកវិជ្ជមានជំងឺកូវីដ-១៩ ដែលនៅតែបន្ដទៅចាក់វ៉ាក់សាំងដែល នេះ ជាចេតនានិងអាចជាមហន្ដរាយខ្លាំងណាស់ដល់យុទ្ធនាការចាក់វ៉ាក់សាំងរបស់ជាតិ។

សម្ដេចពិជ័យសេនា ទៀ បាញ់ តាមរយៈសារជាសំឡេង កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ បានមានប្រសាសន៍ថា តាមព័ត៌មាន មានអ្នកដែលបានដឹងថា មានអ្នកវិជ្ជមានកូវីដ១៩ហើយ នៅតែបណ្ដោយឱ្យមកចាក់វ៉ាក់សំាងកូវីដ១៩ ដែលងាយប្រឈមនឹងការរីករាលដាលជំងឺកូវីដ-១៩យ៉ាងខ្លំាង។ សម្ដេចពិជ័យសេនាបន្តថា សមត្ថកិច្ចដែលមានការពាក់ព័ន្ធទាំងអស់ បើសិនជាបណ្ដោយឱ្យមនុស្ស ដែលឆ្លងកូវីដ១៩នេះចូលមកចាក់វ៉ាក់សាំង គឺត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។ សម្ដេចពិជ័យសេនា គិតថា វាជាចេតនាហើយ ដើម្បីយកមកចម្លងដល់អ្នកដទៃ ដែលនេះខុសច្បាប់យ៉ាងធ្ងន់ធ្ងរបំផុត ។

សម្ដេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាត្រូវតែស្រាវជ្រាវរកឱ្យឃើញ បើសិនមានផែនការ នេះមែន ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ហើយនេះមិនមែនជារឿងធម្មតាទេ ដែល នាំការចម្លងដល់អ្នកប្រតិបត្តិការ ដែលនាំឱ្យមានការខូចខាតធ្ងន់ធ្ងរណាស់ ។ ប្រសិនបើដឹងច្បាស់ហើយ មានឆ្លងជំងឺកូវីដ ហើយមកចាក់វ៉ាក់សាំងទៀត នេះជាមហន្ដរាយដល់អ្នកប្រតិបត្តិការទាំងឡាយ អាចធ្វើឱ្យខូចការងារធំតែម្ដង។

សំឡេង«នេះមិនមែនជារឿងធម្មតាទេនាំការចម្លង ដល់អ្នកដែលធ្វើប្រតិបត្តិការដែលជាគ្រោះថ្នាក់ធ្ងន់ធ្ងរណាស់ គឺមានចេតនាយ៉ាងណាដែរ តាមផ្លូវច្បាប់គឺមិនអាចនៅស្ងៀមបានទេ ត្រូវចាត់ចែងបញ្ហានេះឱ្យបានច្បាស់។ ប្រសិនបើដឹងច្បាស់ហើយមានកូវីដនៅក្នុងខ្លួនហើយ មកចាក់វ៉ាក់សាំងទៀត គឺត្រូវទទួលខុសត្រូវ គឺនាំការមហន្តរាយដល់អ្នកប្រតិបត្តិការទាំងឡាយនិងអាចធ្វើឱ្យខូចដល់ការងារធំតែម្តង សូមគ្រប់គ្នាទាំងអស់ត្រូវតែដំណើរការរឿងនេះឱ្យបានហ្មត់ចត់ជាទីបំផុត »។

គួរជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាលព្រឹកថ្ងៃទី ០៥ ខែឧសភាកន្លងទៅនេះក៏បានដាក់ បទបញ្ជាទៅអង្គភាពកងទ័ពនិងក្រុមការងារចាក់វ៉ាក់សាំង ត្រូវ ចាក់វ៉ាក់សាំងជូនពលរដ្ឋរស់នៅតំបន់ក្រហមឱ្យបាន ៥២ម៉ឺននាក់ឬលើសពីនេះ ដើម្បីឈានទៅទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ឱ្យមានប្រសិទ្ធភាពធានាបានសុវត្ថិភាពសុខភាពរបស់ប្រជាពលរដ្ឋ៕

Comments

Related posts