ដំឡូងមីស្រស់ខេត្តបន្ទាយមានជ័យ មានតម្លៃខ្ពស់ជាងឆ្នាំមុន

វិទ្យុជាតិកម្ពុជា ៖ កញ្ញា ម៉ៅ សុខរីម
បន្ទាយមានជ័យ ៖ ដំឡូងមីស្រស់ខេត្តបន្ទាយមានជ័យ ក្នុងឆ្នាំនេះកំពុងទទួលបានទិន្នផលល្អ ហើយតម្លៃទីផ្សារខ្ពស់ជាងឆ្នាំទៅ ដោយមានតម្លៃរហូតជាង៣០០រៀលក្នុងមួយគីឡូក្រាម។
លោក ប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ បានប្រាប់វិទ្យុវជាតិកម្ពុជាឲ្យដឹងថា សម្រាប់ឆ្នាំនេះ ប្រជាកសិករ អាចប្រមូលផលដំឡូងមីរហូតដល់២លាន២សែនតោនក្នុងផ្ទៃដី១០ម៉ឺនហិកតា  ដែលសុទ្ធតែជា ប្រភេទពូជដំឡូង រ៉ាក់យ៉ង និងKU72 ។
លោកបានបន្តថា ការបង្កើនការដំាដំណាំដំឡូងមីរបស់កសិករនៅខេត្តបន្ទាយមានជ័យបានច្រើន ដោយសារតែបច្ចុប្បន្នមានទីផ្សារល្អ ហើយមានឈ្មួញចុះមកទិញដល់ផ្ទះតែម្តង។

photo_2021-05-12_13-26-22
សំឡេង៖"ដំឡូងមីរបស់យើងជាទូទៅគឺបានដំាចន្លោះពី៧ម៉ឺនទៅ១០ម៉ឺនហិកតាតាមស្ថានភាពរបស់គាត់ដាំ។ឆ្នាំនេះប្រជាកសិករ ដាំប្រហាក់ប្រហែល បានជាង១០ម៉ឺន ហិកតា ដោយជាមធ្យមក្នុង១ហិកតាបានចំនួន២២តោនហើយមើលទៅ ហើយសម្រាប់តម្លៃវិញ ទីផ្សារសព្វថ្ងៃនេះដំឡូងវាល្អតម្លៃល្អវាជាង៣០០រៀល ក្នុងមួយគីឡូក្រាមសម្រាប់ដំឡូងមីស្រស់"។
លោកប្រធានមន្ទីរក៏បានអំពាវនាវដល់បងប្អូនប្រជាកសិករទាំងអស់ឧស្សាហ៍ព្យាយាមចុះពិនិត្យចម្ការ ថែទាំ ឲ្យបានដិតដល់ ដើម្បីទទួល បានទិន្្នផលខ្ពស់។

photo_2021-05-12_13-26-57
ក្រុមអ្នកជំនាញបានបង្ហាញពីរបៀបដាំដំឡូងមីដើម្បីឲ្យបានផលច្រើននោះត្រូវស្វែងយល់ពីរបៀបដាំមួយចំនួនដូចជា៖.ការជ្រើសរើសពូជ ការត្រៀមដី ការយកពូជទៅត្រាំ ពេលវេលានៃការដាំ ដោយអ្នកត្រូវដាំពេលដីសើម ហើយត្រូវដាំបញ្ឈរ កុំដាំផ្ដេកឬកប់ ដាំបញ្ឈរទទួលបាន ផលល្អជាងដាំផ្តេកនិងពេលចេញស្លឹកបានមួយចំអាម ត្រូវប្រើជីសរីរាង្គ មួយខែពីរដង រយៈពេល៣ ទៅ ៤ខែរួចជាការស្រេច។
សូមបញ្ជាក់ថា កាលពីឆ្នាំ២០២០កន្លងទៅ  កសិករខេត្តបន្ទាយមានជ័យបានប្រមូលលផលដំឡូងមី បានចំនួន២លានតោន ទៅ ២លាន២សែនតោនក្នុងមួយឆ្នាំ ៕

Comments

Related posts