ការធ្វើវិសោធនកម្មច្បាប់ចរាចរណ៍ដើម្បីផាកពិន័យរថយន្តធុនធ្ងន់មិនមែនចង់បានលុយបន្តិចបន្តួចរបស់ប្រជាពលរដ្ឋនោះទេ 

វិទ្យុជាតិកម្ពុជា ៖ លោក យី វិច្ឆិកា

ភ្នំពេញ ៖ ឯកឧត្តម ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន  ឱ្យដឹងថា ការធ្វើវិសោធនកម្មច្បាប់ចរាចរណ៍ដើម្បីផាកពិន័យរថយន្តធុនធ្ងន់មិនមែនចង់បានលុយបន្តិចបន្តួចរបស់ប្រជាពលរដ្ឋនោះទេ គឺដើម្បីកាត់បន្ថយការកកស្ទះ កាត់បន្ថយគ្រោះថ្នាក់ និងការពារផ្លូវថ្នល់ឱ្យប្រើប្រាស់បានយូរអង្វែងតាមអាយុកាល ។ 
ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពីវឌ្ឍនភាពនៃការអនុវត្តន៍វិធានការគ្រប់គ្រង ទប់ស្កាត់ យានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់នៅកម្ពុជា ឯកឧត្តម ទេសរដ្ឋមន្ត្រី  បានមានប្រសាសន៍ថា ក្រសួងកំពុងតែធ្វើវិសោធនកម្មច្បាប់ ដោយធ្វើការផាកពិន័យចំពោះរថយន្ត ដឹកស៊ីម៉ង់ត៍ ដឹកទំនិញជាដើម ដែលបើកបរនៅខាងធ្វេងដៃ ធ្វើឱ្យមានគ្រោះថ្នាក់ មានការកកស្ទះ រថយន្តផ្សេងក្នុងការវ៉ាជែង ។ ឯកឧត្តមបានបញ្ជាក់ថា ការធ្វើវិសោធនកម្មច្បាប់នេះ ដោយសង្កេតឃើញថា ឡានដឹកស៊ីម៉ង់ត៍ ឡានដឹកទំនិញធុនធ្ងន់ ភាគច្រើននៅលើផ្លូវ២គន្លងទៅ២គន្លងមក ដោយពួកគាត់បើកបរប្រកាន់ឆ្វេងដែលធ្វើឱ្យមានការលំបាក ដល់អ្នកបើក ពីក្រោយដែលត្រូវវ៉ាជែង ដោយត្រូវបង្ខំចិត្តត្រូវឱ្យវ៉ាខាងស្តាំវិញ ដែលអាចបង្កជាគ្រោះថ្នាក់។

photo_2021-10-04_09-57-12
 ឯកឧត្តមបានឱ្យដឹងទៀត តាមរយៈប្រទេសជិតខាង គេបានកំណត់រយៈពេលយ៉ាងយូរ៥នាទីដោយត្រូវវ៉ាជែងហើយត្រូវចូលមកស្តាំវិញ បើមិនដូច្នេះនឹងត្រូវផាកពិន័យ ក្រសួងកំពុងធ្វើវិសោធនកម្មច្បាប់របស់យើង និងដាក់ក្នុងច្បាប់នោះឱ្យច្បាស់ មានការពិន័យអន្តរការណ៍ប្រសិនណាឡានដឹកទំនិញ នោះប្រកាន់ឆ្វេងជានិច្ច ។ ឯកឧត្តម បានបញ្ជាក់ទៀតថា ការធ្វើវិសោធនកម្មច្បាប់នេះ រាជរដ្ឋាភិបាលមិនមែនចង់បានលុយរបស់ប្រជាពលរដ្ឋនោះទេ ដែលលុយបានមកពីការផាកពិន័យទាំងនោះ មិនអាចយកមកសាងសង់ផ្លូវបានឡើយ ខណៈដែលការរឹតបន្តឹងនេះ ដើម្បីការពារទ្រព្យសម្បត្តិរបស់ជាតិ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ។
សំឡេង « តើរាជរដ្ឋាភិបាលចេះតែចង់ពិន័យប្រជារាស្រ្ត ? មិនមែនទេ យើងខ្ញុំមិនមែនចង់ផាកពិន័យចង់បានថវិកាបន្តិច បន្តួចមកខូចផ្លូវជួសជុលក៏មិនគ្រប់គ្រាន់ដែរ ផាកពិន័យមិនបានសាងសង់ផ្លូវបាន១គីឡូម៉ែត្រទេជូនប្រទេសជាតិ មិនចង់ធ្វើទេ ប៉ុន្តែធ្វើនេះដើម្បីថែរក្សាទ្រព្យសម្បត្តិជាតិយើងផង ការពារឬកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផង កុំឱ្យមានការកកស្ទះបើយើងចេះតែបើកយឺតនៅខាងឆ្វេងគ្នាវ៉ាក៏មិនកើតសុខចិត្តមកវ៉ាខាងស្តាំ គ្រោះថ្នាក់ទៅទៀត ។ បើយើងរឹតបន្តឹងច្បាប់ថាយើងចង់បានថវិកា ប្រទេសជាតិកំពុងកូវីដផង រឹតបន្តឹងច្បាប់យកតែថវិកាមិនមែនទេ គឺដើម្បីអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវ » ។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា ច្បាប់គឺមានគ្រប់ពេលវេលាទាំងអស់ ២៤ម៉ោងលើ២៤ម៉ោង ដោយមិនមែនអនុវត្តពេលព្រឹកយប់មិនអនុវត្តនោះទេ ហើយការបង្តើតនេះ ដើម្បីប្រយោជន៍រួមទាំងអស់គ្នា ប្រយោជន៍ជាតិយើង ក្នុងការធ្វើដំណើរឱ្យរលូន កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍ ដោយជួយទៅប្រជាពលរដ្ឋមិ នមែនចង់បានផាកពិន័យ យកប្រាក់មកនោះទេ  ៕

Comments

Related posts