រាជរដ្ឋាភិបាល សង្គមស៊ីវិល និងបណ្តាញសារព័ត៌មាន រួមគ្នាផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍សម្រាប់កម្មករនិយោជិត 

 

 

            វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ១៥ ១២ ២០២១ 

                           MC . រាជរដ្ឋាភិបាល សង្គមស៊ីវិល និងបណ្តាញសារព័ត៌មាន បានរួមគ្នាបង្ហាញនូវព័ត៌មាន ភស្តុតាង និងអនុសាសន៍ ដើម្បីធ្វើឱ្យកាន់តែប្រសើរឡើងនូវសុវត្ថិភាពចរាចរណ៍សម្រាប់កម្មករនិយោជិតកម្ពុជា។ 

ក្នុងវេទិកាថ្នាក់និពន្ធនាយកសារព័ត៌មានស្តីពីការលើកកម្ពស់សុវត្ថិភាពចរាចរណ៍សម្រាប់កម្មករនិយោជិតនៅកម្ពុជា ដែលរៀបចំនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១នេះ លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក បានស្នើដល់បណ្តាញសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ចូលរួមផ្សព្វផ្សាយឱ្យបានទូលំទូលាយ អំពី បញ្ហាសុវត្ថិភាពចរាចរណ៍ ក្នុងចំណោមកម្មករនិយោជិត ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ឱ្យធ្លាក់មកនូវកម្រិតទាបបំផុត។ 

លោកជំទាវ មានប្រសាសន៍ថា អ្នកសារព័ត៌មាននាំសំឡេងដ៏មានឥទ្ធិពលក្នុងការធ្វើឱ្យមានការផ្លាស់ប្តូរឥរិយាបថរបស់កម្មករនិយោជិត និងដល់សាធារណជន ពីការប្រើប្រាស់ផ្លូវប្រកបដោយសុវត្ថិភាព។ 

យោងតាមរបាយការណ៍របស់បេឡាជាតិសន្តិសុខសង្គម ហៅកាត់ ប.ស.ស ស្តីពីស្ថានភាពគ្រោះថ្នាក់ចរាចរណ៍លើកម្មករនិយោជិត ក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង គិតត្រឹមឆមាសទី១ឆ្នាំ២០២១ បង្ហាញថា គ្រោះថ្នាក់ចរាចរណ៍លើកម្មករនិយោជិត បានកើតឡើងសរុប១.៣៣៣ករណី ដោយក្នុងនោះមានកម្មករនិយោជិតស្លាប់ចំនួន៣៣នាក់ របួសធ្ងន់៣២៨នាក់ និងរបួសស្រាល ១.១៦៣នាក់។ ករណីគ្រោះថ្នាក់កើតឡើងភាគច្រើន ចំពោះរថយន្តដឹកកម្មករប្រភេទរថយន្តដឹកទំនិញ(រថយន្តកូរ៉េ) និងទោចក្រយានយន្ត ក្នុងនោះសម្រាប់រថយន្តដឹកកម្មករ មានចំនួន៦ករណី ដោយមានជនរងគ្រោះសរុប២៧៦នាក់។ 

លោក គឹម បញ្ញា នាយកប្រតិបត្តិអង្គការមូលនិធិបង្ការរបួសអាស៊ី មានប្រសាសន៍ថា គ្រោះថ្នាក់ចរាចរណ៍នៅតែជាបញ្ហាប្រឈមដ៏ចម្បង គួរឱ្យព្រួយបារម្ភយ៉ាងខ្លាំងមួយ សម្រាប់កម្មករនិយោជិត ជាពិសេសអ្នកដែលកំពុងបម្រើការងារក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និង ផលិតស្បែកជើង។ 

ឯកឧត្តម មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានគាំទ្រនិងជំរុញឱ្យមានរំហូរសារព័ត៌មាន ដែលលើក កម្ពស់ដល់សុវត្ថិភាពចរាចរណ៍ ក្នុងចំណោមកម្មករនិយោជិត ក្នុងពេលធ្វើដំណើរទៅបំពេញការងារ។ 

គួរកត់សម្គាល់ថា ជារៀងរាល់ថ្ងៃ មានកម្មករនិយោជិតប្រមាណជាង៧០ម៉ឺននាក់ ធ្វើដំណើរទៅមក ដើម្បីបំពេញការងារក្នុងវិស័យកាត់ដេរ សម្លៀកបំពាក់ និងផលិតស្បែកជើង ដោយប្រឈមនឹងហានិភ័យគ្រោះថ្នាក់នៅលើដងផ្លូវ ដែលធ្វើឱ្យប៉ះពាល់ដល់គ្រួសាររបស់ពួកគេ។  

តំណាងរាជរដ្ឋាភិបាល និងសង្គមស៊ីវិល បានប្រកាសគាំទ្រ និងជំរុញឱ្យមានការផ្លាស់ប្តូររថយន្តដឹកកម្មករនិយោជិតមិនមានសុវត្ថិភាព មកជា រថយន្តដែលមានសុវត្ថិភាពវិញ ខណៈអ្នកបើកបរបានប្រើប្រាស់រថយន្តដឹកទំនិញ ដើម្បីធ្វើការដឹកកម្មករ ដោយឈរ និងមានចំនួនច្រើន មានលក្ខណៈចង្អៀតពិបាកធ្វើចលនា ព្រមទាំងមានភាពរញ៉េរញ៉ៃ និងគ្មានសណ្តាប់ធ្លាប់ ដែលធ្វើឱ្យប្រឈមនឹងគ្រោះថ្នាក់ចរាចរណ៍ ជាក្រុមខ្ពស់៕IMG_20211215_113148_469IMG_20211215_103225_717IMG_20211215_113144_545IMG_20211215_113142_033

Comments

Related posts