កាត់សម្អាតរុក្ខជាតិលើប្រាសាទនៅតំបន់អង្គរ ដើម្បីចៀសវាងបង្កហានិភ័យដល់ប្រាសាទ

 

             វិទ្យុជាតិកម្ពុជា ៖ លោកអេង យូ ភ្នាក់ងារខេត្តសៀមរាប ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១

                    សៀមរាប ៖ ក្រុមការងារកាត់សម្អាតរុក្ខជាតិលើប្រាសាទក្នុងតំបន់អង្គរ តែងតែចុះកាត់សម្អាតរុក្ខជាតិតូចធំជាប្រចាំថ្ងៃ ទៅតាម ផែនការគ្រោងទុកប្រចាំខែ ដើម្បីបង្កើនសោភ័ណភាព និងចៀសវាងការបង្កគ្រោះថ្នាក់មកលើប្រាសាទ។

លោកងិន ធី អ្នកគ្រប់គ្រងពលករកាត់សម្អាតរុក្ខជាតិតាមប្រាសាទ នៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ក្រុមការងារតែងតែយកចិត្តទុកដាក់ខ្ពស់ ក្នុងការកាត់សម្អាតរុក្ខជាតិ ដែលដុះនៅលើប្រាសាទជាប្រចាំ ដើម្បីបង្កើនភាពស្រស់ស្អាតរបស់ប្រាសាទ និងចៀសវាងធ្វើឱ្យថ្មប្រាសាទរលុះ នៅពេលរុក្ខជាតិ ដុះកាន់តែធំ ដែលអាចបង្កហានិភ័យ ជាយថាហេតុណាមួយ។

លោកបន្តថា ក្នុងចំណោមរុក្ខជាតិទាំងអស់ ដែលដុះនៅលើប្រាសាទ មានរុក្ខជាតិប្រភេទធំៗមួយចំនួន ដូចជា ដើមពោធិ៍ជ្រៃ ស្ពង់ ដុះជាប់ជាប្រចាំ មិនថា រដូវប្រាំងឬវស្សាឡើយ ហើយរុក្ខជាតិទាំងនោះ ងាយនឹងដុះលូតលាស់លឿន ដែលធ្វើឱ្យក្រុមការងារត្រូវយកចិត្តទុកដាក់ ក្នុងការកាត់ សម្អាត ពោលគឺក្នុងរយៈពេល១ខែកន្លះ ឬ២ខែ ត្រូវមកកាត់សម្អាតម្តង មិនដូចរុក្ខជាតិប្រភេទស្មៅឡើយ។

លោកបានបញ្ជាក់អំពីមូលហេតុ ដែលនាំឱ្យរុក្ខជាតិទាំងនោះមកដុះនៅលើប្រាសាទបាន ដោយសារកត្តាខ្យល់បក់នាំគ្រាប់មកទើលើល្បាក់ថ្ម និងសត្វស្លាប តែងតែពាំគ្រាប់រុក្ខជាតិ មកធ្វើជាចំណីរអាហារជាប្រចាំ។

លោកថា៖ " ដូចជាដើមពោធិ៍ ដើមស្ពង់ ដើមជ្រៃ គឺរុក្ខជាតិធំៗណាស់ វាប្រឈមមុខខ្លាំងពាក់ព័ន្ធនឹងហានិភ័យលើប្រាសាទ ហើយយើងចង់ ការពារមិនឱ្យមាន យើងធ្វើការការពារអត់កើតដែរ ចំណុចនេះ ធ្វើឱ្យមានហានិភ័យដល់ប្រាសាទ ងាយស្រួលក្រៀកថ្ម រលុះថ្ម ដោយដើមវា ចេះតែធំៗទៅ យើងសរុបរួមមក ទាមទាថាមួយខែកន្លះ អស់យូរពីរខែត្រូវតែកាត់ កុំឱ្យវារីកធំធាត់កាន់តែលឿន ហើយពាក់ព័ន្ធនឹងរុក្ខជាតិស្មៅ រដូវវស្សាគាត់អត់ប៉ះពាល់នឹងថ្មអីទេ តែវាពាក់ព័ន្ធនិងសោភ័ណភាព។ 

ចំណែកលោក ឈឿម ទ្រី ក្នុងនាមបុគ្គលិកផ្នែកសម្អាតរុក្ខជាតិតាមប្រាសាទមួយរូប បានឱ្យដឹងថា ផ្តើមចេញពីទឹកចិត្តស្រឡាញ់ ចង់ថែរក្សាប្រាសាទបុរាណ ដែលបន្សល់ទុកដោយបុព្វបុរស និងចង់ឱ្យប្រាសាទនៅតែមានសោភ័ណភាពស្រស់ស្អាត ដើម្បីឱ្យទេសចរ គ្រប់រូបបានឃើញផងនោះ លោកតាំងចិត្តជាខ្លាំង ក្នុងការកាត់សម្អាតរុក្ខជាតិទាំងតូចធំ ដែលដុះនៅលើប្រាសាទទាំងអស់។ 

លោកបន្តថា ទោះបីដឹងថា ត្រូវប្រឈមមុខនឹងគ្រោះថ្នាក់ខ្លះៗ ដោយសារការតោងឡើងទៅលើកំពូលខ្ពស់ៗ នៃប្រាសាទ ដើម្បីកាត់សម្អាត រុក្ខជាតិក្តី តែលោកប្តេជ្ញាចិត្ត នៅតែបន្តការងារនេះ ដើម្បីភាពស្រស់ស្អាតនៃប្រាង្គប្រាសាទបុរាណ ក្នុងតំបន់អង្គរទាំងមូល។

លោកថា « ខ្ញុំធ្វើការនៅទីនេះ២១ឆ្នាំហើយ ស្រឡាញ់ផង និងចង់ថែរក្សាវាឱ្យបានគង់វង្ស យូរអង្វែងសម្រាប់ក្មេងជំនាន់ក្រោយ បានឃើញ យើងមិនថែរក្សាវាបាត់ គិតថាធ្វើរហូត ពេលណាដែលគេឈប់ឱ្យធ្វើបានឈប់ បារម្ភខ្លះដែរ ដូចប្រាសាទឥដ្ឋបារម្ភខ្លាំង ជួនកាលយើងជាន់ ទៅឥដ្ឋវាផុយជាងប្រាសាទថ្ម។ សូមជម្រាបផងដែរថា កិច្ចការទាំងអស់នេះ ក្រុមការងារកាត់សម្អាតរុក្ខជាតិលើប្រាសាទ តែងតែយកចិត្តទុកដាក់ សម្អាតថែទាំជាប្រចាំ ដោយបែងចែកជាក្រុមគោលដៅ និងមានកម្លាំងកម្មករជាងច្រើននាក់ សម្រាប់ធ្វើការសម្អាត មិនទុកឱ្យរុក្ខជាតិទាំងនោះដុះស្ដុកច្រើនឡើយ៕IMG_20220104_121801_767IMG_20220104_121741_668IMG_20220104_121754_629IMG_20220104_121743_271

Comments

Related posts