មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល៖ ការ បង្កើនផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ពិតជាអាចជំរុញកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ 

 

 

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ២០ ០១ ២០២២

 

  ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ លើកឡើងថា ការបង្កើនការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ និងការគ្រប់គ្រងធនធានទឹកប្រកប ដោយប្រសិទ្ធភាព ពិតជាអាចជំរុញកំណើនសេដ្ឋកិច្ចនិងការរីកចម្រើនរបស់សង្គមជាតិ ព្រមទាំងអាចរួមចំណែកយ៉ាង ច្រើនដល់ការកាត់បន្ថយភាពក្រីក្រ។

  ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសឯកឧត្តមចូលរួមសម្ពោធដាក់ឱ្យប្រើប្រាស់នូវប៉មចម្រោះទឹកស្អាត Aqua Towers និងម៉ាស៊ីនលាងសម្អាតបន្ទប់ទឹកAquaSan ដែលគម្រោងទី៣២ របស់ក្រុមហ៊ុន កូកា-កូឡាកម្ពុជា និងក្រុមការងារស្ម័គ្រ សម្រាប់ AQUATOWER សម្រាប់សិស្ស ក៏ដូចជាប្រជាពលរដ្ឋរស់នៅក្នុងឃុំគរ នៃស្រុកព្រៃឈរ ខេត្តកំពង់ចាម។

  មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលរូប នេះ បានថ្លែងអំណរគុណដល់វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ចំពោះគំនិតផ្តួចផ្តើមបង្កើតឱ្យមានកម្មវិធីទឹកស្អាត និងអនាម័យនៅតាមសាលារៀន និងសហគមន៍ ដើម្បីធានាដល់សុខភាព និងសុវត្ថិភាពដល់កុមារ និងប្រជាពលរដ្ឋ។

  បើតាមការឱ្យដឹងពីលោក Arup Sinha Roy នាយកផ្នែកហិរញ្ញវត្ថុប្រចាំប្រទេសនៃក្រុមហ៊ុន កូកា-កូឡា កម្ពុជា បាន បញ្ជាក់ថា នេះគឺជាប៉មចម្រោះទឹកស្អាតទី១ ដែលត្រូវបានដំឡើងក្នុងឆ្នាំ២០២២ នៃគម្រោង AquaTower បន្ថែមពីលើប៉មចម្រោះទឹកចំនួន៣១ផ្សេងទៀត ដែលត្រូវបានដាក់ឱ្យដំណើរការរួចហើយនៅទូទាំងប្រទេសកម្ពុជាគិតចាប់ពីឆ្នាំ២០១៦មក។ លោកថ្លែងថា ក្រុមហ៊ុន កូកា-កូឡា កម្ពុជា នឹងបន្តគាំទ្រ និងសហការជាមួយមូលនិធិ Planet Water ក្នុងការអនុវត្តន៍កម្មវិធីអប់រំសុខភាព ការប្រើប្រាស់ទឹកស្អាតប្រកបដោយប្រសិទ្ធភាព ការថែរក្សាអនាម័យបរិស្ថាន ការអប់រំ បណ្តុះបណ្តាលប្រជាសហគមន៍អំពីការថែរក្សាការពារប៉មចម្រោះទឹកនេះ រួមទាំងការធ្វើការថែទាំរយៈពេល៥ឆ្នាំ ក្រោយការដំឡើងរួចរាល់ សំដៅជំរុញការផ្លាស់ប្តូរឥរិយាបថពាក់ព័ន្ធនឹងការលើកកម្ពស់ការអនុវត្តន៍កម្មវិធីអប់រំសុខភាព ការប្រើប្រាស់ទឹកស្អាតប្រកបដោយប្រសិទ្ធភាព និងការថែរក្សាអនាម័យផ្ទាល់ខ្លួនសម្រាប់សិស្សានុសិស្ស ព្រមទាំងបង្កើនការចូលរួមរបស់សហគមន៍ជុំវិញបញ្ហាដែលពាក់ព័ន្ធនឹងលទ្ធភាពទទួលបានទឹកស្អាត។

  គួរកត់សម្គាល់ថា ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ ក្រុមហ៊ុន កូកា-កូឡា កម្ពុជា បានពង្រីកភាពជាដៃគូរបស់ខ្លួនជាមួយមូលនិធិ Planet Water ដោយរហូតមកដល់ពេលនេះក្រុមហ៊ុនបានដំឡើងប៉មចម្រោះទឹកស្អាត Aqua Towers និង ម៉ាស៊ីនលាងសម្អាតបន្ទប់ទឹកAquaSan ចំនួន៣១កន្លែង សម្រាប់ប្រជាជនជាង៥ម៉ឺន៥ពាន់នាក់ នៅក្នុងសហគមន៍ជនបទដាច់ស្រយាលនិងខ្វះខាតទឹកក្នុងខេត្តចំនួន១៦។ 

  ក្រុមហ៊ុន កូកា-កូឡា កម្ពុជា បញ្ជាក់ថា នៅឆ្នាំ២០២២នេះ ក្រុមហ៊ុននឹងដំឡើងប៉មចម្រោះទឹក និងម៉ាស៊ីនលាងសម្អាតបន្ទប់ទឹក ចំនួន៩ទៀត នៅតំបន់ដែលខ្វះខាតទឹកស្អាតប្រើប្រាស់៕IMG_20220120_110720_975IMG_20220120_110722_352IMG_20220120_110724_567

Comments

Related posts