អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលស្ថានភាពជំនន់ទឹកភ្លៀង និងផលប៉ះពាល់ នៅស្រុកសាលាក្រៅ

វិទ្យុជាតិកម្ពុជា ៖មន្ទីរព័ត៌មានខេត្តប៉ៃលិន

 

ប៉ៃលិន៖ ល្ងាចថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្ត និងឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន អមដំណើរដោយក្រុមការងារ និងមន្ទីរអង្គភាពជំនាញ ពាក់ព័ន្ធ ព្រមទាំងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះពិនិត្យ ស្ថានភាពជំនន់ទឹកភ្លៀង និងផល ប៉ះពាល់ នៅឃុំអូរអណ្តូង និងឃុំស្ទឹងត្រង់ ក្នុងស្រុកសាលាក្រៅ ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង កាលពីល្ងាចថ្ងៃទី១១ ខែសីហា កន្លងទៅ ។

លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ លើកឡើងថា៖ ដោយសារប៉ុន្មានថ្ងៃនេះ មានភ្លៀងធ្លាក់ច្រើនថ្ងៃជាប់ៗគ្នា បានធ្វើឱ្យជន់លិចលំនៅឋានរបស់ប្រជាពលរដ្ឋ ចំនួន ៣១គ្រួសារ បណ្តាលឱ្យខូចខាតផលដំណាំ សម្ភារៈប្រើប្រាស់ សត្វចិញ្ចឹម និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនផងដែរ នៅឃុំអូរអណ្តូង និងឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ដូច្នេះសូមអាជ្ញាធរមូលដ្ឋាន ត្រូវសហការជាមួយអង្គភាពជំនាញ ពាក់ព័ន្ធ ជាពិសេសមន្ទីរធនធានទឹកនិងឧតុនិយមខេត្ត ត្រូវសិក្សារកទីតាំងរំដោះទឹកចេញ បើសិនជាជំនន់ទឹកភ្លៀងមានស្ថានភាព មិនល្អ ព្រមទាំងធ្វើការជួយសង្គ្រោះប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។

 

នៅក្នុងឱកាសនោះ លោកជំទាវអភិបាលខេត្ត ក៏បានមានប្រសាសន៍អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមដងស្ទឹង និងផ្នែកខាងក្រោម សូមមានការប្រុងប្រយ័ត្នខ្ពស់ នៅពេលដែលមានភ្លៀងធ្លាក់ ច្រើនថ្ងៃជាប់គ្នា ហើយបើមាន បញ្ហាអ្វីកើតឡើង ត្រូវរាយការណ៍មកកាន់អាជ្ញាធរមូលដ្ឋានឱ្យបានទាន់ពេលវេលា ជាពិសេស ត្រូវយកចិត្តទុក្ខដាក់ថែទាំសុខភាព និងរស់នៅ ប្រកបដោយអនាម័យ ដើម្បីចៀសវាងកើតមានជំងឺតម្កាត់ ផ្សេងៗ។

 

សូមបញ្ជាក់ថា៖ ឃុំអូរអណ្តូង ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ជាតំបន់ទំនាប ដែលរងការលិចលង់ដោយសារជំនន់ទឹកភ្លៀងសឹងរាល់ឆ្នាំ នៅពេលមានភ្លៀងធ្លាក់ខ្លាំងនៅលើភ្នំប៉ែកខាងលើ ហើយបច្ចុប្បន្ន អាជ្ញាធរខេត្ត សាខាកាកបាទក្រហមខេត្ត និងយុវជននៃសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត កំពុងចុះសួរសុខទុក្ខ និងពិនិត្យមើលផល ប៉ះពាល់របស់ប្រជាពលរដ្ឋរងគ្រោះ ៕IMG_20220814_081248_208IMG_20220814_081259_219IMG_20220814_081306_882IMG_20220814_081253_056

Comments

Related posts