បន្លែស្ពៃក្រញាញ់របស់កសិករក្នុងខេត្តពោធិសាត់កំពុងមានទីផ្សារល្អនិងលក់បានតម្លៃថ្លៃជាង រាល់ឆ្នាំ

វិទ្យុជាតិកម្ពុជា៖ ស្រីផល  ថ្ងៃទី ២៦ ខែកញ្ញា

 

MC៖ បន្លែស្ពៃក្រញាញ់របស់កសិករក្នុងខេត្តពោធិសាត់ដែលដាំក្នុងផ្ទះសំណាញ់សុវត្ថិភាពកំពុងតែមានទីផ្សារល្អនិងលក់បានតម្លៃថ្លៃជាងរាល់ឆ្នាំ ដែលអាចជួយសម្រួលដល់ជីវភាពរបស់ប្រជាកសិករ កាន់តែប្រសើរជាងមុន។ 

លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិសាត់បានមានប្រសាសន៍ថា  បច្ចុប្បន្ននេះ ដំណាំបន្លែស្ពៃក្រញាញ់ ដែលដាំដុះក្នុងផ្ទះសំណាញ់សុវត្ថិភាពគឺរីក លូតលាស់ល្អ ដែលទទួលបាន ច្រើន រួមជាមួយនឹងតម្លៃថ្លៃជាងឆ្នាំមុន ខណៈដែលដំណាំមួយនេះ ងាយស្រួលក្នុងការថែទាំ និងឆាប់ទទួលបានផល។

លោកបានបន្តថា ការដាំដុះបន្លែនេះ អាចរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ឱ្យមានជីវភាពធូរធារពីមួយថ្ងៃទៅមួយថ្ងៃ និងបង្កើនឱកាសការងារដល់ប្រជាកសិករកាត់បន្ថយចំណាកស្រុក ជាពិសេស ជួយអភិវឌ្ឍសេដ្ឋកិច្ចនៅមូលដ្ឋាន ក៏ដូចជាសេដ្ឋកិច្ចជាតិទាំងមូល ។

លោកបានបន្តទៀតថា បន្លែស្ពៃក្រញាញ់នេះមានឈ្មួញមកទទួលទិញដល់ទីកន្លែងតែម្តង ដោយមិនពិបាកដល់ប្រជាពលរដ្ឋ ក្នុងការយកទៅលក់នៅលើទីផ្សារនោះទេ ដោយឡែក ចំពោះស្ពៃក្រញាញ់ប្រជាកសិករអាចលក់បាន ក្នុងតម្លៃ២៥០០រៀលទៅ៣០០០រៀលក្នុងមួយគីឡូក្រាម ។

សំឡេង៖ ការប្រកបរបរកសិកម្មទាំងនេះ គឺជួយបានច្រើនណាស់ ដល់ប្រជាកសិកររបស់យើង ក្នុងការផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃ ជាពិសេសនៅក្នុងដំណាក់កាលកូវីដ-១៩នេះ វិស័យកសិកម្មបានរួមចំណែកយ៉ាងច្រើន នៅពេលដែលពួកគាត់អត់មានការងារធ្វើពីរោងចក្រគឺពួកគាត់បានចាប់យករបរកសិកម្មនេះជាចម្បង មិនថាលើដំណាំបន្លែ ឬដំណាំហូបផ្លែ ជាពិសេសគឺដំណាំរួមផ្សំ និងការបូករួមទាំងការចិញ្ចឹមសត្វជាដើម ដើម្បីកាត់បន្ថយការចំណាកស្រុកព្រមទាំងអាចលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃបានមួយកម្រិតទៀត។

លោកប្រធានមន្ទីក៏បានសំណូមពរដល់ អ្នកបរិភោគទាំងអស់ ទាំងអ្នកទីក្រុង និងអ្នកដែលរស់នៅ តាមបណ្ដាខេត្តផ្សេងៗ សូមជួយគាំទ្រដល់បន្លែសុវត្ថិភាព ដែលផលិតដោយប្រជាពលរដ្ឋយើងទាំងអស់គ្នា ចៀសវាងការឱ្យតម្លៃខ្ពស់ទៅលើបន្លែនាំចូលពី ក្រៅប្រទេស ព្រោះបន្លែរបស់យើងដាំ គឺមិនប្រើប្រាស់នូវសារធាតុគីមី ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពរបស់អ្នកបរិភោគនោះទេ៕IMG_20220926_142036_620IMG_20220926_142121_375

Comments

Related posts