លោក Rodrigo Duterte ប្រធានាធិបតីហ្វីលីពីនប្រកាសពីស្ថានភាពមហន្តរាយនៅតំបន់ដែលរងឥទ្ធិពលដោយព្យុះទីហ្វុង

 

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

អន្តរជាតិ៖ លោក Rodrigo Duterte ប្រធានាធិបតីហ្វីលីពីនបានប្រកាសពីស្ថានភាពគ្រោះមហន្តរាយនៅក្នុងតំបន់ជាច្រើន ដើម្បីពន្លឿនកិច្ចខិតខំប្រឹងប្រែងសង្គ្រោះសម្រាប់ជនរងគ្រោះដោយព្យុះទីហ្វុងរ៉ៃ ដែលបានវាយលុកភាគកណ្តាល និងភាគខាងត្បូងប្រទេសហ្វីលីពីនកាលពីសប្តាហ៍មុន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua នៅថ្ងៃទី២២ ខែធ្នូ។ នៅក្នុងសុន្ទរកថាសាធារណៈដែលបានចាក់ផ្សាយកាលពីល្ងាចថ្ងៃអង្គារ លោក Duterte បានដាក់តំបន់ Mimaropa, Visayas ភាគខាងលិច, Visayas ភាគកណ្តាល, Visayas ភាគខាងកើត, Mindanao ភាគខាងជើង និងតំបន់ Caraga ឱ្យស្ថិតក្រោមស្ថានភាពនៃគ្រោះមហន្តរាយដោយសារឥទ្ធិពលនៃព្យុះទីហ្វុង។ លោក Duterte បាននិយាយថា "ខ្ញុំបានសម្រេចចិត្តប្រកាសស្ថានភាពគ្រោះមហន្តរាយ។ ខ្ញុំនឹងចុះហត្ថលេខាលើវាឥឡូវនេះ" ហើយតំបន់ដែលរងផលប៉ះពាល់ខ្លាំងបំផុតទាំងនេះបានទទួលរងការបំផ្លិចបំផ្លាញយ៉ាងខ្លាំង ព្រមទាំងការបាត់បង់អាយុជីវិតរបស់ប្រជាជន។ ក្រុមប្រឹក្សាកាត់បន្ថយនិងគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយជាតិ (NDRRMC) បានរាយការណ៍ថា មនុស្ស ១៥៦ នាក់បានស្លាប់ដោយសារព្យុះនេះ ខណៈដែលប៉ូលីសជាតិហ្វីលីពីនរាយការណ៍ថាមានអ្នកស្លាប់យ៉ាងហោចណាស់ ៣៧៥ នាក់ ហើយមនុស្សជាច្រើននាក់ទៀតកំពុងបន្តបាត់ ខ្លួន ឬរងរបួស។ ព្យុះរ៉ៃបានបន្សល់ទុកនូវការបំផ្លិចបំផ្លាញនៅភាគកណ្តាល និងភាគខាងត្បូងប្រទេសហ្វីលីពីន រួមទាំងតំបន់មួយចំនួននៅក្នុងកោះ Luzon ដ៏សំខាន់ផងដែរដែលបណ្តាលឱ្យមានទឹកជំនន់ និងការរអិលបាក់ដី។ រដ្ឋាភិបាលចិនកាលពីថ្ងៃអង្គារបានចាប់ផ្តើមចែកចាយជំនួយសង្គ្រោះដើម្បីជួយជនរងគ្រោះរាប់ពាន់នាក់នៅក្នុងតំបន់ដែលរងគ្រោះដោយព្យុះទីហ្វុងនេះផងដែរ៕IMG_20211222_144400_200

Comments

Related posts