រដ្ឋមន្ត្រីក្រសួងសុខាភិបាលទទួលជួបជាមួយសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា

នៅរសៀលថ្ងៃសុក្រ ១២រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបជាមួយសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា SSEAYP International Cambodia នៅទីស្តីការក្រសួងសុខាភិបាល។
IMG_20231111_051232_237
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅ ដល់គណៈប្រតិភូសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា ដែលបានមកជួបសម្តែងការគួរសម និងស្នើសុំអនុសាសន៍ណែនាំតម្រង់ទិស ពីក្រសួងសុខាភិបាល មុននឹងគណៈប្រតិភូសមាគមទៅចូលរួមក្នុងកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន(SSEAYP) លើកទី៤៧ ឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។

​លោក ហោ សំណាង ប្រធានសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា បានជម្រាបជូនអង្គប្រជុំថា សមាគម នាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា បង្កើតឡើងក្នុងគោលបំណងធំៗចំនួន៤៖ ១) ជាឆ័ត្រថែរក្សា និងពង្រឹងទំនាក់ទំនង មិត្តភាព សាមគ្គីភាពរវាងអតីតប្រតិភូយុវជនទាំងអស់ ២) រៀបចំវគ្គបណ្តុះបណ្តាលមុនពេលចេញដំណើរ ដើម្បីជាការចែករំលែកចំណេះដឹង និង​បទពិសោធន៍គ្រប់ជ្រុងជ្រោយ ជូនប្រតិភូយុវជនជំនាន់ក្រោយ ឲ្យចូលរួមកម្មវិធីប្រកបដោយប្រសិទ្ធភាព និងភាពជោគជ័យ ៣) កៀគរធនធាន និងបំផុសទឹកចិត្តយុវជនឲ្យចេះផ្តួចផ្តើមគំនិតក្នុងការបង្កើត និងចូលរួមសកម្មភាពសង្គមឲ្យកាន់តែសកម្ម និងទី៤) ចូលរួមជួយសម្រេចឲ្យបាននូវគោលបំណងរបស់កម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន។

​ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានអបអរសាទរ ប្អូនៗយុវជនដែលត្រូវបានជ្រើសរើសចូលរួមកម្មវិធី នាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន លើកទី៤៧ "The Ship for Southeast Asian and Japanese Youth Program- SSEAYP” ដែលប្រតិភូយុវជនមកពីបណ្តាប្រទេសផ្សេងៗនឹងរួមគ្នា ក្នុងសកម្មភាពជាច្រើនដូចជា៖ ការពិភាក្សាជាក្រុមលើ ប្រធានបទផ្សេងទាក់ទងនឹង ការបង្ហាញសិល្បៈវប្បធម៌ ការស្នាក់នៅជាមួយឪពុកម្តាយធម៌ ទស្សនកិច្ចសិក្សា និងជាពិសេស គឺចូលជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំប្រទេសជប៉ុន និងអាស៊ាន។ ឯកឧត្តមបានលើកទឹកចិត្ត ប្រតិភូយុវជនយើងឱ្យខិតខំក្រេបជញ្ជក់នូវបទពិសោធន៍នានាជាពិសេស គឺជំនាញទន់ដូចជា៖ ការបង្កើននូវការយល់ដឹងទៅវិញទៅមកនូវវប្បធម៌ក្នុងតំបន់ ការលើកកម្ពស់ចំណេះដឹង និងបទពិសោធន៍ក្នុងភាពជាអ្នកដឹកនាំ ការធ្វើការងារ និងរស់នៅជាក្រុម ការកសាងនូវបណ្តាញទំនាក់ទំនង និងការជម្រុញនូវកិច្ចសហប្រតិបត្តិការអន្តរជាតិ។

​ឯកឧត្តមសាស្ត្រចារ្យរដ្ឋមន្ត្រី បានលើកទឹកចិត្តប្រតិភូយុវជនកម្ពុជា ចូលរួមផ្សព្វផ្សាយអាទិភាពវិស័យសុខាភិបាល ដែលបានដាក់ចេញដោយក្រសួងសុខាភិបាល ក្នុងការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល មានដូ​ចជា ៖
-បង្កើនសកម្មភាពអប់រំសុខភាព សំដៅលើកកម្ពស់សុខភាពពលរដ្ឋឱ្យកាន់តែប្រសើរឡើង
-ការប្រយុទ្ធនឹងជំងឺឆ្លង
-ការទប់ស្កាត់នឹងការរីករាលដាលនៃជំងឺឆ្លងជាសកលដែលជាបញ្ហាសុខភាពសាធារណៈ
-ការទប់ស្កាត់ជំងឺមិនឆ្លង
-ការទប់ស្កាត់ និង បង្ការជំងឺបណ្ដាលមកពីផលប៉ះពាល់បម្រែបម្រួលអាកាសធាតុ
-ការធ្វើឱ្យប្រសើរឡើងនូវការពិនិត្យ និងព្យាបាលជំងឺ នៅតាមសហគមន៍ ជាពិសេសមណ្ឌលសុខភាព
-លើកកម្ពស់គុណភាពការថែទាំសុខភាពនៅគ្រប់កម្រិត តាមរយៈការអភិវឌ្ឍន៍ធនធានមនុស្ស និងភាពជាអ្នកដឹកនាំនវានុវត្តន៍
-ការធ្វើនិយ័តកម្មលើសេវាសុខាភិបាលសាធារណៈ និងសេវាឯកជន
-ការអភិវឌ្ឍន៍សុខភាពឌីជីថល (Digital Health)។

ឯកឧត្តមសាស្ត្រចារ្យរដ្ឋមន្ត្រី បានណែនាំដល់ប្រតិភូនាវាយុវជនទាំងអស់ ត្រូវរៀបចំខ្លួនឱ្យបានសក្ដិសមជាកូនខ្មែរ ព្រោះប្រតិភូនេះហើយជាតំណាងឱ្យប្រជាជនខ្មែរទូទាំងប្រទេស ហើយក៏ត្រូវធ្វើយ៉ាងណា កសាងមិត្តភាពឱ្យបានច្រើនដើម្បីថ្ងៃអនាគតអាចក្លាយទៅជាដៃគូសហប្រតិបត្តិការដ៏ល្អ។ ឯកឧត្តមសាស្ត្រាចារ្យ ក៏បានជូនពរក្រុមនាវាយុវជនទាំងអស់ទទួលបាននូវជោគជ័យក្នុងកម្មវិធីនាវាយុវជននាពេលឆាប់ៗខាងមុខនេះផងដែរ៕IMG_20231111_051248_097

IMG_20231111_051241_888

Comments

Related posts