ព្រះរាជពិធីពន្លត់ទៀនជ័យបានប្រព្រឹត្តទៅយ៉ាងមហាឡារឹកក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ព្រះមហាក្សត្រ

វិទ្យុជាតិកម្ពុជា៖ 


MC ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថនរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានារសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ បានសព្វព្រះរាជហឬទ័យស្តេចយាងក្នុងពិធីពន្លត់ភ្លើងជ័យនៅវិមានឯករាជ្យ ដើម្បីជានិមិត្តរូបបិទបញ្ចប់ខួបអនុស្សាវរីយ៍លើកទី៧០នៃបុណ្យឯករាជ្យជាតិ ០៩ វិច្ឆិកា ១៩៥៣-០៩ វិច្ឆិកា ២០២៣ ដែលមានមហាជនចូលរួមយ៉ាងច្រើនកុះករ។

  បន្ទាប់ពីភ្លើងជ័យដែលត្រូវបានប្រទានដោយព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថនរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាក្នុងរយៈពេលបីថ្ងៃ(ថ្ងៃទី០៩ ដល់ថ្ងៃទី១១ ខែវិច្ឆិកាឆ្នាំ២០២៣)នៅវិមានឯករាជ្យ ក្នុងឱកាសទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើតកងយោធពលខេមរភូមិន្ទ ខួបទី៧០(១៩៥៣-២០២៣) ដែលបានប្រព្រឹត្តទៅដោយភាពជោគជ័យ និងសប្បាយរីករាយរួចមក ព្រះរាជពិធីពន្លត់ភ្លើងជ័យក៏ត្រូវបានប្រារព្ធធ្វើឡើងនារសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងពិធីដ៏មហោឡារឹកនេះនៅបរិវេណជុំវិញវិមានឯករាជ្យមានមហាជនចូលរួមយ៉ាងច្រើនកុះករ មានដូចជាសិស្សនិស្សិត លោកគ្រូអ្នកគ្រូ ប្រជាពលរដ្ឋ មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទបាននាំគ្នាចូលរួមសម្តែងការអបអរសាទរ ព្រះរាជពិធីពន្លត់ភ្លើងជ័យដើម្បីជានិមិត្តរូប នៃការបិទបញ្ចប់ទិវាបុណ្យឯករាជ្យជាតិខួបទី៧០ឆ្នាំ ដែលកម្ពុជា ដណ្តើមបាន ឯករាជ្យមកវិញពីប្រទេសបារំាង។
មហាជនដែលចូលរួមក្នុងពិធីនេះម្នាក់ៗមានទឹកចិត្តសប្បាយរីករាយដោយដៃកាន់បដាអបអរសាទរថ្ងៃ៩វិច្ឆិកាទិវាបុណ្យឯករាជ្យជាតិ និងកាន់ព្រះបរមឆាយាលក្ខណ៍ ព្រះបរមរតនកោដ្ឋ  ព្រះបរមឆាយាលក្ខណ៍ សម្តេចព្រះមហាក្សត្រីនរោត្តម មុនីនាថសីហនុ និងព្រះបរមឆាយាលក្ខណ៍ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តមសហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងបាច់ផ្កាចម្រុះពណ៌  ដើម្បីបង្ហាញពីការអបអរសាទរស្នាព្រះហស្ថ ដ៏ឧត្តុងឧត្តម របស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តមសីហនុព្រះមហាវីរៈក្សត្រព្រះវររាជបិតាឯករាជ្យបូរណភាពទឹកដីនិងឯកភាពជាតិខ្មែរជាទីគោរពសក្ការដ៏ខ្ពងខ្ពស់បំផុត ដែលព្រះអង្គបានដណ្តើមឯករាជ្យពីបារាំងមកវិញ ជូនជាតិមាតុភូមិជាទីស្នេហានៃយើង។
ក្នុងពិធីដ៏សែនសប្បាយរីករាយនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ព្រមជាមួយនឹងសមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល មន្រ្តីរាជការគ្រប់ក្រសួងស្ថាបន័ ។ ក្រៅពីនេះ បណ្តាអង្គទូតនានាប្រចាំព្រះរាជាណាចក្រកម្ពុជាក៏មានវត្តមាននៅក្នុងពិធីនេះដែរ។
នៅក្នុងពិធីនេះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតបានសព្វព្រះរាជហឬទ័យពន្លត់ភ្លើងជ័យ ដើម្បីបញ្ចប់ពិធីបុណ្យជាតិ អបអរខួបអនុស្សាវរីយ៍ខួបលើក ទី៧០ ទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកាឆ្នាំ ១៩៥៣ - ៩វិច្ឆិកា ២០២៣។
ថ្នាក់ដឹកនាំមន្រ្តីរាជការប្រជាពលរដ្ឋដែលបានចូលរួមក្នុងពិធីនេះសុទ្ធតែបញ្ជាក់ថា ថ្ងៃបុណ្យឯករាជ្យគឺជាទិវាដ៏មានអត្ថន័យជ្រាលជ្រៅបំផុតក្នុងក្រអៅបេះដូងខ្មែរគ្រប់ៗរូបព្រោះជាការបើកទំព័រប្រវត្តិសាស្រ្តនៃការប្រកាសឯករាជ្យពេញលេញរបស់កម្ពុជាក្រោមស្នាព្រះហស្ថដ៏ឈ្លាសវៃក្រោមព្រះរាជបូជនីយកិច្ច និងព្រះរាជបេសកកម្មដ៏ឧត្តុងឧត្តម របស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តមសីហនុព្រះមហាវីរក្សត្រព្រះវររាជបិតាឯករាជ្យបូរណភាពទឹកដីនិងឯកភាពជាតិខ្មែរជាទីគោរពសក្ការៈដ៏ខ្ពងខ្ពស់បំផុត ដែលធ្វើឱ្យប្រជាពលរដ្ឋមានសិទ្ធិ សេរីភាពពេញបរិបូរណ៍និងធ្វើឱ្យប្រទេសជាតិមានការរីកចម្រើនគ្រប់វិស័យរហូតមកដល់សព្វ ថ្ងៃនេះ។
លោក ពៅ ហួត ចៅសង្កាត់ច្បារអំពៅដែលបានមកចូលរួមកម្មវិធីទិវានេះបានឱ្យដឹងថា រូបលោកផ្ទាល់ក៏ដូចជាប្រជាពលរដ្ឋទាំងអស់មាន ចិត្តសប្បាយរីករាយក្រៃលែង ដែលប្រទេសកម្ពុជាយើងបានរួចផុតពីរការដាក់អាណានិគមនិយមបារាំងនៅឆ្នាំ១៩៥៣ ។  លោកបានបន្តថា ក្រោយពីប្រទេសកម្ពុជាយើងបានឯករាជ្យនៅឆ្នាំ ១៩៥៣ ក្រោមព្រះរាជបូជនីយកិច្ចដឹកនាំឈ្លាសវៃរបស់ព្រះមហាវីរក្សត្រខ្មែរ ព្រះបរមរតនកោដ្ឋ ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុ ដែលព្រះអង្គបានរំដោះប្រទេសឱ្យរួចផុតពីការគ្រប់គ្រងរបស់បារាំង។

(សំឡេង)« ខ្ញុំបានចូលរួមនៅក្នុងកម្មវិធីនេះហើយសុំបញ្ជាក់ជូនដែរថាបុណ្យឯករាជ្យជាតិនេះគឺជាបុណ្យរបស់ជាតិទាំងមូលហើយក៏ជាស្នាព្រះហស្តរបស់សម្តេចព្រះបរមរតនកោដ្ឋសម្តេច នរោត្តមសីហនុដែលលោកបានខិតខំទាមទារ ទាំងស្រុងនៅឆ្នាំ១៩៥៣ ហើយចំពោះអត្ថន័យនេះ មកដល់ពេលនេះយើងនៅតែបន្តការចូលរួមចំណែកអបអរសាទរនិងធ្វើខួបកំណើតរាល់ឆ្នាំ ដើម្បីជាការរំឭកដល់ស្នាដៃរក្សាស្នាព្រះហស្ថរបស់ព្រះករុណាសម្ដេចឪនៃយើង ហើយខ្ញុំគិតថាក្រៅពីនេះប្រទេសយើងមានឯករាជ្យឥឡូវនេះបន្តមកដល់បច្ចុប្បន្ន មានក្រោមការដឹកនាំរបស់សម្ដេចតេជោហ៊ុនសែន បានខិតខំស្វែងរកនូវសុខសន្តិភាពមកដល់ពេលនេះប្រទេសយើងគួបផ្សំនឹងមានឯករាជ្យហើយគឺយើងមានសន្តិភាពមានការអភិវឌ្ឍក្រោមដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោហ៊ុនសែនអតីតនាយករដ្ឋមន្ត្រីនិងជាប្រធាន គណបក្សប្រជជនកម្ពុជា»។
លោកបន្ថែមទៀតថា ក្រោយពីប្រទេសកម្ពុជាយើងបានឯករាជ្យពីឆ្នាំ១៩៥៣ មកដល់បច្ចុប្បន្ននេះប្រទេសជាតិយើងបានប្រែមុខមាត់ថ្មី មានការអភិវឌ្ឍលើគ្រប់វិស័យជាច្រើនទាំងហេដ្ឋារចនាសម្ព័ន្ធ អគារតូចធំ សេដ្ឋកិច្ច និងមានមុខមាត់នៅលើកឆាកអន្តរជាតិផងដែរ។
ចំណែកប្អូនស្រី ជា វណ្ណនិត   ជាសិស្សរៀននៅវិទ្យាល័យចតុមុខបានសំដែងនូវភាពសប្បាយរីករាយដែលបានមកចូលរួមបុណ្យឯករាជ្យជាតិ៩វិច្ឆិកា ខួបលើកទី៧០  ដែលជាការទាមទារឯករាជ្យជាតិរបស់សម្តេចតា សម្តេចតាទួតនៃយើង ដែល បានលះបង់កម្លាំងកាយចិត្តគ្រប់បែបយ៉ាង ដើម្បីបុព្វហេតុជាតិមាតុភូមិឱ្យរួចផុតពីការគ្រប់គ្រងរបស់បារាំង។
(សំឡេង) «ចំពោះខ្លួនឯងផ្ទាល់ក្នុងនាមជាយុវជនម្នាក់ដែលបានកើតនៅលើទឹកដីនៃប្រទេសកម្ពុជាខ្ញុំផ្តាំផ្ញើទៅដល់អុំពូមីងទាំងអស់គ្នាព្យាយាមសាមគ្គីជាតិបើទោះបីមានបញ្ហាអ្វីក៏ដោយយើងត្រូវតស៊ូទាំងអស់គ្នាដូចកាលឆ្នាំ១៩៥៣រហូតដល់ឆ្នាំ១៩៩៨យើងបានជោគជ័យដោយសារនយោបាយឈ្នះៗរហូតមកដល់បច្ចុប្បន្ននេះ។មួយវិញទៀតក្នុងនាមជាសិស្សានុសិស្សត្រូវខិតខំរៀនសូត្រឱ្យក្លាយជាធនធានមនុស្សម្នាក់ដែលល្អសម្រាប់សង្គមជាតិធ្វើជាប្រជាជនប្រកបដោយគុណភាព» ។
សូមបញ្ជាក់ថា ថ្ងៃ៩វិច្ឆិកា១៩៥៣ គឺជាទិវាប្រវត្តិសាស្រ្តដែលប្រទេសកម្ពុជាបានទទួលឯករាជ្យជោគជ័យ ពេញបរិបូរណ៍ពីអាណានិគមនិយម បារាំង ក្រោមស្នាព្រះហស្ថដ៏ឈ្លាសវៃរបស់សម្តេចឪ សម្តេចតា សម្តេចតាទួតនៃយើង ដែលមានសាមគ្គីភាពជាធ្លុងមួយរវាងរាជរដ្ឋាភិបាលកម្ពុជាព្រះសង្ឃ ប្រជានុរាស្រ្ត និងកងជីវពលនារី ក្លាហាន។ ចាប់ពីថ្ងៃនោះមកព្រះរាជាណាចក្រកម្ពុជាយើងមានឋានៈ ជារដ្ឋឯករាជ្យពេញបរិបូរណ៍ មិនស្ថិតក្រោមចំណុះប្រទេស ណាមួយឡើយ ៕photo_2023-11-11_17-21-40photo_2023-11-11_17-21-39photo_2023-11-11_17-22-46

photo_2023-11-11_17-22-47

Comments

Related posts