កម្មវិធីបណ្តុះបណ្តាលជំនាញ១.៥លាន៖ វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺផ្តល់អាហាររូបករណ៍សិក្សាជំនាញ ជិត៦០០កន្លែងជំហានទី២

វិទ្យុជាតិកម្ពុជា៖

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺប្រកាសជ្រើសរើសយុវជនមកពីគ្រួសារក្រីក្រ និងយុវជនមានពិការភាពក្នុងខេត្តកំពង់ស្ពឺ ចុះឈ្មោះចូលរៀនវគ្គបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅជំហានទី២ដោយឥតគិតថ្លៃចំនួនជិត៥៧០នាក់។ បើតាមវិទ្យាស្ថានពហុបច្ចេកទេស នៅជំហានទី២នេះមានជំនាញការងារកំបោរ ការដំឡើងបណ្តាញបំពង់ទឹក ការដំឡើងបណ្តាញអគ្គិសនីក្នុងអាគារ ការដំឡើងពុម្ភ ការដំឡើង និងថែទាំកាមេរ៉ាសុវត្ថិភាព ការផ្សារអគ្គិសនី ការថែទាំ និងជួសជុលរថយន្ត ការថែទាំ និងជួសជុលម៉ាស៊ីនត្រជាក់រថយន្ត ការថែទាំ និងជួសជុលអគ្គិសនីរថយន្ត សេវាកម្មធនធានមនុស្ស សេវាកម្មកុំព្យូទ័រ សេវាកម្មអតិថិជន ការរចនាក្រាហ្វិកដោយកុំព្យូទ័រ សេវាកម្មបរិក្ខាត្រជាក់ក្នុងគេហដ្ឋាន ធុរកិច្ចភេសជ្ជៈ ការធ្វើម្ហូបខ្មែរ ការដាំ ថែទាំ និងប្រមូលផលដំណាំស្វាយកែវរមៀត ការចិញ្ចឹម និងថែទាំត្រីប្រា និងការកែច្នៃបន្លែ និងផ្លែឈើ។ 

 

វិទ្យាស្ថានក៏បានឱ្យដឹងថា ការចុះឈ្មោះរៀនជំនាញនេះគឺចាប់ពីអាយុ១៥ឆ្នាំឡើង យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យទូទាំងប្រទេស គឺត្រូវបានសិក្សាឥតគិតថ្លៃ និងទទួលបានប្រាក់ឧបត្ថម្ភចំនួន ២៨ម៉ឺនរៀលក្នុងមួយខែ រហូតដល់បញ្ចប់ការសិក្សា។ ក្នុងនោះសិក្ខាកាមនឹងទទួលបានសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ ពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងមានឱកាសបន្តការសិក្សាបន្ថែមទៀតបន្ទាប់ពីបញ្ចប់ការសិក្សាជំនាញនៅវិទ្យាស្ថាន។  ដោយឡែកយុវជនដែលមានប័ណ្ណសម្គាល់ពិការភាព ប័ណ្ណមូលនិធិសមធម៌សុខាភិបាល ក៏នឹងត្រូវបានសិក្សាមិនឥតថ្លៃដូចគ្នា ក៏ប៉ុន្តែមិនទទួលប្រាក់ឧបត្ថម្ភនោះទេ។ ជំហានទី២នេះ វិទ្យាស្ថាននឹងចាប់ផ្តើមចូលរៀននៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ។

 

គូសបញ្ជាក់ផងដែរថា ចាប់តាំងពីកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសបានបើកបវេសនកាល កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ កន្លងទៅ ការបណ្តុះបណ្តាលវគ្គទី១ បាននឹងកំពុងដំណើរការរលូននៅទូទាំងប្រទេស៕5C7EA4DC-3276-4D4E-9970-D0A6ED7E7012E4C2FD53-61E3-43AB-9E4A-4E28E154DF8EE45357CA-3106-4240-8E35-59646A4CA22F65C608AA-70C9-4CBF-AB88-C1EE9FFB1E6E

Comments

Related posts