ប្រមុខរាជរដ្ឋាភិបាល ស្នើសិល្បករ សិល្បការិនី ចៀសវាងការប្រឌិតនិងការសម្តែងលក្ខណៈមិនពិត អុជអាល បំបែកបំបាក់ ប្រកាន់ពូជសាសន៍ ពណ៌សម្បុរនិងជំនឿសាសនា

 

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ២៦ ៤ ២០២៤

IMG_9611-1

IMG_9616-1

IMG_9612-2

IMG_9613-1

IMG_9614-1

IMG_9615-2

IMG_9619

IMG_9617-1

IMG_9618-1

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីព្រះរាជាណាចក្រកម្ពុជា បានស្នើទៅសិល្បករ សិល្បការិនី ចៀសវាងការប្រឌិតនិងការសម្តែងលក្ខណៈមិនពិត អុជអាល បំបែកបំបាក់ ប្រកាន់ពូជសាសន៍ ពណ៌សម្បុរ និងជំនឿសាសនា ដែលអាចបង្កអសន្តិសុខនៅក្នុងសង្គមជាតិ។

ក្នុងពិធីពិសាអាហារសាមគ្គី និងបំពាក់គ្រឿងឥស្សរិយយស ជូនលោកគ្រូ អ្នកគ្រូ សិល្បករ និងសិល្បការិនី កាលពីរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ក្នុងវិស័យសិល្បៈវប្បធម៌ សិល្បករ និងសិល្បការិនី គឺជាគំរូជាតួអង្គដែលមាន ឥទ្ធិពលទៅលើមជ្ឈដ្ឋានផ្សេង ជាពិសេសឧបករណ៍ផ្សព្វផ្សាយ តាមរយៈការសម្ដែងដោយផ្ទាល់ ឬមិនផ្ទាល់។ ការរក្សាបាននូវតម្លៃសិល្បៈវប្បធម៌ជាតិ និង តម្លៃផ្ទាល់ខ្លួនរបស់សិល្បករ សិល្បការិនី គឺពិតជាអាស្រ័យលើសេចក្ដីសម្រេចផ្ទាល់ខ្លួន ដែលការសម្រេចចិត្តត្រឹមត្រូវនឹងទទួលបានការគាំទ្រពីសាធារណជន,រីឯការសម្រេចចិត្តមិនត្រឹមត្រូវនឹងទទួលរងនូវសម្ពាធសង្គម។ តាមរយៈនេះសម្តេចបញ្ជាក់ថា  មុននឹងជ្រើសរើសយកសកម្មភាពណាមួយ សិល្បករ និងសិល្បការិនី គួរប្រកាន់ខ្ជាប់គោលការណ៍, សីលធម៌, គុណធម៌, សច្ចធម៌, ទាំងសំណេរ ទាំងការប្រើប្រាស់ ពាក្យពេចន៍, កាយវិការ, សកម្មភាព, ឥរិយាបថ, ការស្លៀកពាក់ ដោយរក្សាឱ្យបាននូវភាពថ្លៃថ្នូរ និងការចូលរួមលើកកម្ពស់សីលធម៌ក្នុងសង្គម ដែលនឹងចូល រួមដល់ការពង្រឹងនូវអត្តសញ្ញាណ និងកិត្យានុភាពជាតិ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា ការបង្កើតយុទ្ធសាស្ត្រទាញការចាប់អារម្មណ៍ពីសាធារណៈជនគួរមានការថ្លឹងថ្លែង និងពិចារណាជាមុន ពីផលប៉ះពាល់ផ្នែកវប្បធម៌ ប្រពៃណី និងសីលធម៌សង្គម ដោយពុំគួរប្រើប្រាស់ជំហរអត្តនោម័តិ ឬ ជំហរចង់ ល្បីភ្លាមៗ ដែលអាចប៉ះពាល់ដល់បុគ្គលផងដល់តម្លៃជាតិផងនោះទេ។ សម្តេចធិបតី មានជំនឿថា គ្រប់សិល្បករ និងសិល្បការិនីទាំងអស់ សុទ្ធតែមានការ ទទួលខុសត្រូវខ្ពស់ ជាមួយនឹងការទទួលស្គាល់ និងការកែប្រែនូវរាល់កំហុសឆ្គង ចេតនា និងអចតនា។
 « ក្នុងបរិបទនៃបរិវត្តកម្មឌីជីថល ការចែករំលែកព័ត៌មានក្នុងសង្គមកាន់តែលឿននិងពិបាកទប់ស្កាត់ដើម្បីចូលរួមដល់ភាពរឹងមាំនៃសង្គមយើង ខ្ញុំសូមរំលឹកដល់គ្រប់សិល្បករ សិល្បការិនីទាំងអស់ ត្រូវមាន ការប្រុងប្រយ័ត្នខ្ពស់ ចៀសវាងឱ្យបាននូវការប្រឌិត និងការសម្តែងទាំងឡាយដែលមានលក្ខណៈមិនពិត អុជអាល បំបែកបំបាក់ ប្រកាន់ពូជសាសន៍ ពណ៌សម្បុរ និងជំនឿសាសនា »។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីព្រះរាជាណាចក្រកម្ពុជា ក៏បានស្នើដល់គ្រប់សិល្បករ និងសិល្បការិនីទាំងអស់ ផ្តោតអារម្មណ៍ឱ្យកាន់តែខ្លាំងទៅលើទ្រឹស្ដី “ចង្កឹះមួយបាច់” ដើម្បីពង្រឹងសាមគ្គីភាព និងភាពរឹងមាំ ព្រមទាំងដើម្បីពង្រឹងគោលដៅរួម និងជោគជ័យរួម។ ក្នុងន័យនេះសម្តេចធិបតី លើកទឹកចិត្តដល់សិល្បករ និងសិល្បការិនីគ្រប់ទម្រង់ ចូលរួមចងក្រងជា សមាគម ឬចូលជាសមាជិកសមាគមសិល្បៈ ដើម្បីប្រសិទ្ធភាពនៃការធ្វើការរួមគ្នាក្នុងភាពជាបងប្អូន ដោយចេះជួយគ្នាទៅវិញទៅមក ស្របតាមប្រពៃណី ទំនៀមទម្លាប់របស់ដូនតាយើង៕

Comments

Related posts