UN: ការវាយប្រហាររបស់អ៉ីស្រាអែល លើជំរំជនភៀសខ្លួន នៅហ្គាហ្សា អាចជា "ឧក្រិដ្ឋកម្មសង្រ្គាម"

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

c12-2

c11-3

អន្តរជាតិ៖ ការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិបាននិយាយថា ការវាយប្រហារតាមផ្លូវអាកាសលើជំរំជនភៀសខ្លួន នៅក្នុងតំបន់ហ្គាហ្សាអាចជាឧក្រិដ្ឋកម្មសង្រ្គាម ខណៈការព្រួយបារម្ភពីការផ្ទុះរាលដាលសង្រ្គាមកាន់តែធំកើនឡើង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA។ ការវាយប្រហារតាមផ្លូវ អាកាសរបស់អ៉ីស្រាអែល ២ ថ្ងៃជាប់ៗគ្នាលើជំរំជនភៀសខ្លួនក្នុងទីក្រុង Jabalia នៃតំបន់ហ្គាហ្សាបានសម្លាប់ជនជាតិប៉ាឡេស្ទីនជាច្រើននាក់ និងអ្នករងរបួសរាប់រយនាក់។ ក្រុមហាម៉ាសគ្រប់គ្រងតំបន់ហ្គាហ្សា បានឱ្យដឹងថា ជនជាតិប៉ាឡេស្ទីនយ៉ាងហោច ១៩៥ នាក់ត្រូវបានសម្លាប់ក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែលលើជំរំជនភៀសខ្លួនខាងលើ និង ៧៧៧ នាក់បានរងរបួស ខណៈ ១២០ នាក់កំពុងបាត់ខ្លួននៅឡើយ។ គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារ អ៉ីស្រាអែល បានអះអាងថាការវាយប្រហាររបស់ខ្លួនលើជំរំជនភៀសខ្លួន Jabalia បានសម្លាប់មេបញ្ជាការជាន់ខ្ពស់ម្នាក់របស់ក្រុមហាម៉ាសឈ្មោះ Ibrahim Biari។ អមជាមួយការទម្លាក់គ្រាប់បែកឥតឈប់ឈរ អ៉ីស្រាអែលក៏កំពុងធ្វើសង្រ្គាមជើងគោកប្រឆាំងក្រុមហាម៉ាស ក្នុងតំបន់ហ្គាហ្សាផងដែរ បន្ទាប់ពីក្រុមអ្នកប្រយុទ្ធប៉ាឡេស្ទីនមួយនេះបានបើកការវាយប្រហារកាលពីថ្ងៃទី ៧ ខែតុលា ដោយសម្លាប់ជនជាតិអ៉ីស្រាអែល ១,៤០០ នាក់ ភាគច្រើនជាជនស៊ីវិល និងចាប់ខ្លួនមនុស្ស ២៣០ នាក់ជាចំណាប់ខ្មាំង៕

Comments

Related posts