WSJ: ចិន យល់ព្រមពិភាក្សាពីការគ្រប់គ្រងអាវុធនុយក្លេអ៊ែរ ជាមួយសហរដ្ឋអាមេរិក

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

c6-8

c7-8

អន្តរជាតិ៖ កាសែតអាមេរិក Wall Street Journal (WSJ) បានរាយការណ៍ថា ចិន និងសហរដ្ឋអាមេរិក នឹងបើកកិច្ចពិភាក្សាមួយស្ដីពីការគ្រប់គ្រងអាវុធនុយក្លេអ៊ែរ នៅសប្ដាហ៍ក្រោយ ហើយជំនួបនេះនឹងក្លាយជាលើកដំបូងបំផុត ចាប់តាំងពីសម័យរដ្ឋបាល អតីតលោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា មកម្ល៉េះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ បើតាម Wall Street Journal កិច្ចពិភាក្សាខាងលើអាចនឹងត្រូវធ្វើឡើងនៅថ្ងៃចន្ទសប្ដាហ៍ក្រោយ ដោយមានការចូលរួមពីលោកស្រី Mallory Stewart ជាមន្ត្រីជាន់ខ្ពស់នៃក្រសួងការបរទេសអាមេរិក និងលោក Sun Xiaobo ដែលជាប្រធាននាយកដ្ឋានគ្រប់គ្រងអាវុធនៃក្រសួងការបរទេសចិន។ កិច្ចពិភាក្សានេះនឹងមិននាំទៅរកការកាត់បន្ថយទំហំឃ្លាំងអាវុធនុយក្លេអ៊ែររបស់ចិននោះទេ ប៉ុន្តែគោលដៅធំគឺផ្ដល់ឱ្យរដ្ឋបាលលោក ចូ បៃដិន ឈ្វេងយល់បន្ថែមពីផែនការរបស់ចិន បន្ទាប់ពីមន្ទីរបញ្ចកោណចេញផ្សាយរបាយការណ៍មួយដោយនិយាយថា ចិនកំពុងបង្កើនការផលិតក្បាលគ្រាប់នុយក្លេអ៊ែរលឿនជាងការរំពឹងទុក។ គួរបញ្ជាក់ថា ខាងក្រសួងការបរទេសអាមេរិក និងស្ថានទូតចិនប្រចាំសហរដ្ឋអាមេរិក មិនបានធ្វើអត្ថាធិប្បាយអ្វី ចំពោះសេចក្ដីរាយការណ៍របស់ Wall Street Journal ទេស្របពេលភាគីទាំង ២ កំពុងប្រឹងប្រែងដើម្បីរៀបចំជំនួបរវាងលោក ចូ បៃដិន និងលោក ស៊ី ជិនពីង នៅអំឡុងកិច្ចប្រជុំកំពូល កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក ក្នុងទីក្រុង San Francisco ក្នុងខែវិច្ឆិកានេះ៕

Comments

Related posts